PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលលើការធ្វើដំណើរ


តើផលិតផលនេះគឺជាអ្វី?

បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់នូវសំណង និងការទូទាត់ទៅដល់អ្នកដែលបានធ្វើដំណើរទៅក្រៅប្រទេស ក្នុងករណីដែលមានរបួស ពិការភាព ឬបាត់បង់ជីវិត ដែលបង្កឡើងដោយផ្ទាល់ មកពីគ្រោះថ្នាក់ដែលមានលក្ខណៈហិង្សា កើតឡើងដោយចៃដន្យ កើតឡើងនៅផ្នែកខាងក្រៅនៃរាងកាយ និងអាចមើលឃើញនឹងភ្នែក ក្នុងអំឡុងពេលនៃការធ្វើដំណើរ។

បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលលើការធ្វើដំណើរបែងចែកជាពីរប្រភេទធំៗ៖

  1. បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលលើការធ្វើដំណើរ – ការពារលើបុគ្គលអ្នកដំណើរម្នាក់ៗក្នុងករណីគ្រោះថ្នាក់ដែលបណ្តាលឱ្យមានរបួស ពិការភាព ឬបាត់បង់ជីវិតក្នុងអំឡុងពេលនៃការធ្វើដំណើរ។
  2. បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលលើការធ្វើដំណើរជាក្រុម – ការពារលើអ្នកដំណើរជាក្រុម ដូចជាក្រុមគ្រួសារ ក្រុមការងារ ឬនិយោជិតពេលចុះបំពេញបេសកម្ម ដោយធានាថាសមាជិកទាំងអស់នៅក្នុងក្រុមត្រូវបានធានារ៉ាប់រងសម្រាប់ការរងរបួសដោយចៃដន្យ ឬស្លាប់ក្នុងអំឡុងពេលធ្វើដំណើរ។

តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

ផ្នែក “ក” - ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចៃដន្យ និងពិការភាពជាអចិន្ត្រៃយ៍

  • ក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើសំណងទៅឱ្យអ្នកដែលត្រូវបានធានារ៉ាប់រងនូវចំនួនទឹកប្រាក់ដែលត្រូវបានធានា ដូចដែលមានចែងខាងក្រោម ប្រសិនបើអ្នកដែលត្រូវបានធានារ៉ាប់រង រងរបួសលើរាងកាយផ្នែកណាមួយដោយគ្រោះថ្នាក់ចៃដន្យ កើតឡើងនៅផ្នែកខាងក្រៅនៃរាងកាយ និងអាចមើលឃើញនឹងភ្នែក ដែលមិនពាក់ព័ន្ធហេតុបង្កផ្សេង នាំឱ្យអ្នកត្រូវបានធានារ៉ាប់រង៖

    អត្ថប្រយោជន៍
    ក) បាត់បង់ជីវិត ១០០% នៃទឹកប្រាក់ធានារ៉ាប់រងសរុប
    ខ) របួសបណ្តាលឱ្យគេងលើគ្រែជាអចិន្ត្រៃយ៍ ១០០% នៃទឹកប្រាក់ធានារ៉ាប់រងសរុប
    គ) បាត់បង់អវៈយវៈពីរ ឬភ្នែកពីរ ១០០% នៃទឹកប្រាក់ធានារ៉ាប់រងសរុប
    ឃ) បាត់បង់អវៈយវៈមួយ និងភ្នែកមួយ ១០០% នៃទឹកប្រាក់ធានារ៉ាប់រងសរុប
    ង) បាត់បង់អវៈយវៈមួយ ឬភ្នែកមួយ ៥០% នៃទឹកប្រាក់ធានារ៉ាប់រងសរុប
  • ចំណាយលើការដឹកជញ្ជូនសាកសពត្រលប់មកប្រទេសកំណើតវិញ៖

ផ្នែក “ខ” - អត្ថប្រយោជន៍នៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (ជាជម្រើសក្នុងការធានា)

  • នៅពេលដែលអ្នកដែលត្រូវបានធានារ៉ាប់រងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ដែលបណ្ដាលមកពីការរបួសរាងកាយដោយចៃដន្យ ឬជំងឺ ដែលកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រង នោះក្រុមហ៊ុនធានារ៉ាប់រងនឹងធ្វើសំណងជូននូវការចំណាយថ្លៃមន្ទីរពេទ្យជាក់ស្ដែង រហូតដល់ចំនួនកំណត់អតិបរមានៃអត្ថប្រយោជន៍នេះ។
    • អត្ថប្រយោជន៍លើថ្លៃបន្ទប់សម្រាកព្យាបាល អាហារប្រចាំថ្ងៃ និងការថែទាំទូទៅពីគ្រូពេទ្យ
    • សេវាកម្មថែទាំផ្សេងៗក្នុងមន្ទីរពេទ្យ
    • អត្ថប្រយោជន៍លើថ្លៃវះកាត់
    • ការចុះពិនិត្យតាមដានជំងឺរបស់វេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ
    • អត្ថប្រយោជន៍លើការសង្គ្រោះបន្ទាន់ចំពោះគ្រោះថ្នាក់ចៃដន្យដែលមិនសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ
    • ការតាមដានស្ថានភាពជំងឺក្រោយពេលចេញពីមន្ទីរពេទ្យ និងការព្យាបាលក្រោយពេលវះកាត់
    • Each hospital confinement must be for a minimum 6 consecutive hours before any benefit hereunder is payable.
    • Outpatient treatment for accidental injury – 50% of Benefit Limit.
    • Section B will pay for benefits based on actual, necessary and reasonable expenses incurred by the Insured Person but shall not exceed the maximum benefit insured as stated in the Schedule for the whole duration of the journey.
  • រាល់ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យត្រូវមានរយៈពេលយ៉ាងតិច ០៦ (ប្រាំមួយ)ម៉ោងជាប់ៗគ្នា មុនពេលទទួលបាន អត្ថប្រយោជន៍ណាមួយពីការធានារ៉ាប់រងនេះ។
  • គ្រោះថ្នាក់ចៃដន្យដែលមិនសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ - ចំនួន ៥០% នៃអត្ថប្រយោជន៍នេះ។
  • ផ្នែក “ខ” នេះនឹងធ្វើការទូទាត់លើអត្ថប្រយោជន៍ដែលត្រូវទទួលបានដោយផ្អែកលើការចំណាយជាក់ស្តែង ចាំបាច់ និងសមហេតុផល ដែលធ្វើឡើងដោយអ្នកត្រូវបានធានារ៉ាប់រង ប៉ុន្តែមិនត្រូវលើសពីអត្ថប្រយោជន៍អតិបរមាដែលបានធានាដូចមានចែងក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង សម្រាប់រយៈពេលនៃការធ្វើដំណើរទាំងមូលនោះទេ។

ផ្នែក “គ” - វ៉ាលិសរបស់អ្នកត្រូវបានធានារ៉ាប់រង (ជាជម្រើសក្នុងការធានា)

  • ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងដល់អ្នកត្រូវបានធានារ៉ាប់រងលើតម្លៃទីផ្សារ ឬតម្លៃនៃការជួសជុលវ៉ាលិសដែលយកតម្លៃណាមួយដែលទាបជាងមកអនុវត្ត ចំពោះការបាត់បង់ ឬការខូចខាតដោយចៃដន្យណាមួយ។
    ចំនួនទឹកប្រាក់ដែលត្រូវធានារ៉ាប់រងអតិបរមាសម្រាប់វ៉ាលិសមិនត្រូវលើស ៥,០០០ ដុល្លារអាមេរិក
  • លក្ខខណ្ឌ:

      • ក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងអតិបរមាចំនួន ៥០០ ដុល្លារអាមេរិកក្នុងមួយវ៉ាលិស ។
      • កម្រិតទឹកប្រាក់មិនធ្វើសំណងចំនួន ១០០ ដុល្លារអាមេរិក គឺជាបន្ទុករបស់អ្នកត្រូវបានធានារ៉ាប់រង នៅពេលមានការបាត់បង់ ឬមានការទាមទារសំណងម្ដងៗ។

តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

ការធានារ៉ាប់រងនេះផ្តល់សំណងសម្រាប់ការរងរបួសរាងកាយ ពិការភាព ឬមរណភាព ដោយឧបទ្ទវហេតុចៃដន្យ ដែលបង្កឡើងដោយផ្ទាល់ មកពីគ្រោះថ្នាក់ដែលមានលក្ខណៈហិង្សា កើតឡើងដោយចៃដន្យ កើតឡើងនៅផ្នែកខាងក្រៅនៃរាងកាយ និងអាចមើលឃើញនឹងភ្នែក ដែលជាមូលហេតុបណ្តាលឱ្យអ្នកត្រូវបានធានារ៉ាប់រង បាត់បង់ជីវិត ឬពិការភាពជាអចិន្ត្រៃយ៍ ឬតម្រូវឱ្យមានការព្យាបាលវេជ្ជសាស្ត្រ និង/ឬការវះកាត់ ដល់អ្នកត្រូវបានធានារ៉ាប់រង ។


រយៈពេលនៃការធានា

រយៈពេលនៃការធានាគឺរយៈពេលទាំងស្រុងនៃការធ្វើដំណើរ។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រង និងលក្ខខណ្ឌអាចប្រែប្រួលអាស្រ័យលើ ចំនួនទឹកប្រាក់ដែលត្រូវធានារ៉ាប់រង ជម្រើសនៃការធានារ៉ាប់រង ទិសដៅនៃការធ្វើដំណើរ រយៈពេលនៃការធ្វើដំណើរ និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។


តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

បណ្ណសន្យារ៉ាប់រងនេះមានរយៈពេលខ្លី ដោយអាស្រ័យលើរយៈពេលនៃការធ្វើដំណើររបស់លោកអ្នក ហើយលោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងរបស់លោកអ្នកតាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬផ្ទេរតាមគណនីធនាគារ នៅថ្ងៃ ឬមុនពេលថ្ងៃចាប់ផ្ដើមសុពលភាពបណ្ណសន្យារ៉ាប់រង ឬបដ្ឋិលេខ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • រយៈពេលនៃការធានា
    ការធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះចំពោះអ្នកត្រូវបានធានារ៉ាប់រង នឹងចាប់ផ្តើមនៅពេលដែលអ្នកត្រូវបានធានារ៉ាប់រងបានចាកចេញពីទីកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជាដើម្បីចាប់ផ្តើមការធ្វើដំណើរ និងបន្តរហូតដល់ពេលដែលត្រឡប់ពីការធ្វើដំណើរទៅកាន់ទីកន្លែងស្នាក់នៅក្នុងប្រទេសកម្ពុជាវិញ ហើយលុះត្រាតែរយៈពេលទាំងមូលនៃការធ្វើដំណើរនោះ ស្ថិតក្នុងអំឡុងពេលនៃការធានារ៉ាប់រងដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រង។ ការផ្ដល់ការធានាដល់អ្នកត្រូវបានធានារ៉ាប់រងមានដូចជា ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចៃដន្យ ពិការភាពជាអចិន្ត្រៃយ៍ អត្ថប្រយោជន៍នៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ (ជាជម្រើសក្នុងការធានា) និង វ៉ាលិសរបស់អ្នកត្រូវបានធានារ៉ាប់រង (ជាជម្រើសក្នុងការធានា) ។
  • ការបន្ថែមរយៈពេលនៃការធានាដោយស្វ័យប្រវត្តិ
    ប្រសិនបើអ្នកត្រូវបានធានារ៉ាប់រងមិនទាន់បញ្ចប់ការធ្វើដំណើរនៅក្នុងអំឡុងរយៈពេលនៃការធានា ដោយសារការពន្យារពេល ឬការរំខាន ដោយមិនបានព្រាងទុកណាមួយ ដោយសារសេវាដឹកជញ្ជូនសាធារណៈ ដែលមិនស្ថិតក្រោមការគ្រប់គ្រងរបស់អ្នកត្រូវបានធានារ៉ាប់រង នោះរយៈពេលនៃការធានានឹងត្រូវបានបន្ថែមដោយស្វ័យប្រវត្តិ សម្រាប់រយៈពេលចាំបាច់សមស្របណាមួយដើម្បីបញ្ចប់នូវការធ្វើដំណើរនោះ ដោយមិនត្រូវលើសពីរយៈពេល ០៥ (ប្រាំ) ថ្ងៃនោះទេ ចាប់ពីថ្ងៃផុតសុពលភាពដើមរបស់បណ្ណសន្យារ៉ាប់រង។
  • ការជូនដំណឹងអំពីការទាមទារសំណង
    - នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង៣០ថ្ងៃ ចាប់ពីថ្ងៃឧបទ្ទវហេតុ។
    - លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

ករណីមិនធានាចំពោះផ្នែក “ក” - ការបាត់បង់ជីវិតដោយគ្រោះថ្នាក់ចៃដន្យ និងពិការភាពជាអចិន្ត្រៃយ៍

    • គ្មានការផ្តល់សំណងណាមួយដែលបានចែងខាងលើត្រូវធ្វើការទូទាត់ជូនឡើយ លុះត្រាតែការបាត់បង់ជីវិត ឬការបាត់បង់ណាមួយកើតឡើងក្នុងអំឡុងពេល ៣៦៥ ថ្ងៃ បន្ទាប់ពីថ្ងៃដែលបានរងរបួស។

ករណីមិនធានាចំពោះផ្នែក “ខ” - អត្ថប្រយោជន៍នៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ

    • ក្រុមហ៊ុនធានារ៉ាប់រងមិនធានាលើអត្ថប្រយោជន៍ក្នុងអំឡុងពេលណាមួយនៃការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនោះឡើយ លុះត្រាណាតែការចូលសម្រាកនៅក្នុងមន្ទីរពេទ្យ និងគ្រប់សេវាថែទាំទាំងអស់របស់មន្ទីរពេទ្យដែលបានធ្វើឡើង ដោយមានការណែនាំ និងអនុម័តដោយវេជ្ជបណ្ឌិតដែលមានអាជ្ញាបណ្ណ និងផ្អែកតាមការធ្វើរោគវិនិច្ឆ័យ និងព្យាបាលលើស្ថានភាពណាដែលតម្រូវឱ្យសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យប៉ុណ្ណោះ។
    • ក្រុមហ៊ុនធានារ៉ាប់រងមិនធានាលើ សេវាកម្ម ផលិតផល និងលក្ខខណ្ឌដូចខាងក្រោមនេះ៖
      • ជំងឺ/របួសដែលមានស្រាប់ មុនពេលមានការធានារ៉ាប់រង
      • ភាពមិនប្រក្រតីពីកំណើត ឬពិការភាពរាងកាយដែលមានពីកំណើត
      • ការពិនិត្យធ្មេញ ដាក់ធ្មេញ ដកធ្មេញ រួមទាំងការដកធ្មេញដែលប៉ះពាល់ទៅដល់ធ្មេញដទៃទៀត និងការថែទាំធ្មេញទូទៅ លើកលែងតែការវះកាត់ធ្មេញដោយសារតែអ្នកត្រូវបានធានារ៉ាប់រងរបួសក្នុងគ្រោះថ្នាក់ណាមួយ
      • ការព្យាបាលដោយធ្វើចលនាដែលមិនតម្រូវឱ្យសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ការប្រើប្រាស់ឧបករណ៍ជំនួយ ឬឧបករណ៍ដើម្បីជួយទប់ចលនា និងឧបករណ៍ប្រើប្រាស់ដទៃទៀត
      • ការកាត់វ៉ែនតា ការបំពាក់កញ្ចក់កែវភ្នែក ឬការធ្វើតេស្តដើម្បីចេញវេជ្ជបញ្ជា ឬការព្យាបាល
      • ការថែទាំដើម្បីបង្ការ រួមទាំងការពិនិត្យសុខភាពរាងកាយជាធម្មតា
      • ការសម្រាកថែទាំសុខភាព ឬថែទាំសុខភាពអនាម័យ ការញៀនថ្នាំ ឬការសេពគ្រឿងស្រវឹង ជំងឺឆ្លងដែលច្បាប់តម្រូវឱ្យនៅដាច់ដោយឡែកពីគេឬការដាក់ឱ្យនៅដាច់ពីគេក្នុងករណីមានការរីករាលដាលជំងឺឆ្លងដែលតម្រូវឱ្យទទួលការថែទាំពិសេស
      • ការរងរបួសដែលកើតឡើងពីស្មារតីមិនប្រក្រតី ឬបង្កឡើងដោយខ្លួនឯង
      • ការព្យាបាលជំងឺធាត់ ការសម្រកទម្ងន់ ឬការឡើងទម្ងន់
      • ការព្យាបាលជំងឺផ្លូវចិត្ត ការព្យាបាលដើម្បីសុខមាលភាពផ្លូវចិត្ត និងអារម្មណ៍
      • ការកែសម្ផស្ស ឬការវះកាត់កែរាងកាយ និងសេវាដែលមិនស្របតាមក្បួនវេជ្ជសាស្ត្រ ដូចជាការផ្ដល់សេវាតាមរយៈការឆ្លើយឆ្លងតាមទូរសព្ទជាដើម
      • ការសម្រាកព្យាបាលក្នុងមន្ទីរពេទ្យដែលទាក់ទងនឹងការពន្យារកំណើត ឬអារមិនអាចមានកូន ឬការមានផ្ទៃពោះដែលរួមទាំងការសម្រាលកូន ការរលូតកូន ឬផលវិបាកណាមួយដែលបណ្តាលមកពីការពពោះ
      • ជំងឺ ពិការភាព របួស ឬស្ថានភាពណាមួយ ឬផលវិបាកណាមួយដែលកើតឡើង ឬបង្កឡើងដោយសារ (ដោយផ្ទាល់ ឬដោយប្រយោល)ការថយចុះនៃប្រព័ន្ធភាពស៊ាំនៅក្នុងខ្លួនមនុស្ស (ជំងឺអេដស៍) ។
ករណីមិនធានាចំពោះផ្នែក “គ” - វ៉ាលិសរបស់អ្នកត្រូវបានធានារ៉ាប់រង
    • ការបាត់បង់ ឬការខូចខាតទៅលើគ្រឿងអលង្ការ នាឡិកាដៃ សាច់ប្រាក់ មូលប្បទានបត្ររបស់អ្នកដំណើរ ឯកសារ និង មូលបត្រ។
    • ការបាត់បង់ ឬខូចខាតទៅលើវ៉ាលិសដែលកើតឡើងក្នុងអំឡុងពេលនៃការធ្វើដំណើរលុះត្រាតែ៖
      • វ៉ាលិសត្រូវបានរក្សាទុកដោយក្រុមហ៊ុនដឹកជញ្ជូន ឬសណ្ឋាគារនៅពេលដែលមានការបាត់បង់ ឬខូចខាតកើតឡើង
      • ការបាត់បង់ ឬការខូចខាតត្រូវបានរាយការណ៍ជាមុន នឹងបានទាមទារសំណងពីប្រតិបត្តិកររបស់ក្រុមហ៊ុនដឹកជញ្ជូន ឬសណ្ឋាគារ
      • ប្រតិបត្តិកររបស់ក្រុមហ៊ុនដឹកជញ្ជូន ឬសណ្ឋាគារបានបដិសេធមិនធ្វើសំណងសម្រាប់ការបាត់បង់ ឬការខូចខាតវ៉ាលិស និង
      • មានភស្តុតាងសម្រាប់ការបដិសេធមិនធ្វើសំណងពីប្រតិបត្តិកររបស់ក្រុមហ៊ុនដឹកជញ្ជូន ឬសណ្ឋាគារ។
    • រាល់របស់របរដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយប្រតិបត្តិកររបស់ក្រុមហ៊ុនដឹកជញ្ជូន លុះត្រាតែមានការរាយការណ៍ភ្លាមៗបន្ទាប់ពីដឹងថាបានបាត់ ឬរងការខូចខាត ហើយក្នុងករណីជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនអាកាសចរណ៍ នោះទាមទារឱ្យមានរបាយការណ៍បញ្ជាក់ពីភាពមិនប្រក្រតីនៃទ្រព្យសម្បត្តិនោះ (Property Irregularity Report) ។
    • ការជួញដូរទំនិញនៅក្នុងលក្ខខណ្ឌអាជីវកម្ម គំរូ គ្រឿងឧបភោគបរិភោគ និងរបស់ប្រើប្រាស់ (ឧទាហរណ៍ ម្ហូបអាហារ ភេសជ្ជៈ ថ្នាំពេទ្យ)។
    • ការបាត់បង់ ឬការខូចខាតដែលកើតឡើងពីភាពសឹករេចរឹល ការថយចុះគុណភាព ឬតម្លៃបន្តិចម្តងៗ សត្វល្អិតចង្រៃ កត្តាធម្មជាតិ ការខូចខាត ឬគ្រឿងម៉ាស៊ីន ឬគ្រឿងអេឡិចត្រូនិកដំណើរការមិនប្រក្រតី ឬដោយសកម្មភាពរបស់អ្នកដែលត្រូវបានធានារ៉ាប់រងក្នុងគោលបំណងជួសជុល សម្អាត ឬផ្លាស់ប្តូរទ្រព្យសម្បត្តិ។
    • ការបាត់បង់ដោយសារចោរលួចតែមិនបានរាយការណ៍ទៅប៉ូលិសអំពីកន្លែងកើតហេតុក្នុងអំឡុងពេល ២៤(ម្ភៃបួន) ម៉ោង ក្នុងហេតុការណ៍នៃការបាត់បង់ ឬការខូចខាតនោះ។
    • ការបាត់បង់ ឬចោរលួចទ្រព្យសម្បត្តិដែលទុកចោលនៅទីសាធារណៈ ឬទុកចោលនៅក្នុងយានយន្តមិនបានចាក់សោរការពារត្រឹមត្រូវ លើកលែងតែទុកនៅកន្លែងដាក់អីវ៉ាន់របស់យានយន្តដែលមិនមាននរណាអាចមើលឃើញ ឬក៏លើកលែងករណីដែលយានយន្តត្រូវបានបិទកញ្ចក់បង្អួចទាំងអស់ និងចាក់សោរត្រឹមត្រូវ នៅក្នុងអំឡុងពេលដែលមានហេតុការណ៍នោះកើតឡើង ហើយត្រូវមានភស្តុតាងបញ្ជាក់ថាការបាត់បង់ ឬចោរកម្មនោះត្រូវបានគេប្រើកម្លាំងដើម្បីចូលលួចយក។
    • ការបាត់បង់ ឬការខូចខាតលើរបស់របរណាមួយដែលកើតឡើងពីការរឹបអូស ឬការបង្ខាំងដោយមន្ត្រីគយ ឬមន្ត្រីពាក់ព័ន្ធដទៃទៀត។
    • រាល់របស់របរណាមួយដែលមានការធានានៅក្រោមបណ្ណសន្យារ៉ាប់រងដទៃទៀតឬក៏ករណីដែលក្រុមហ៊ុនដឹកជញ្ជូន ឬសណ្ឋាគារ ឬប្រភពដទៃទៀត បានផ្ដល់សំណងទាំងស្រុងរួចរាល់ហើយ។
    • ការបាត់បង់នូវរាល់របស់របរដែលមិនបានថែទាំ ឬក៏មិនបានប្រុងប្រយ័ត្ន។
    • វ៉ាលិសដែលត្រូវបានដឹកជញ្ជូនទៅមុន ផ្ញើតាមប្រៃសណីយ៍ ឬដឹកជញ្ជូនដាច់ដោយឡែកពីគ្នា។
    • រាល់របស់របរដែលជាប់កម្ចី ជួល ឬសម្រាប់ជួល។
    • ទង្វើដោយចេតនា ការខកខាន ការធ្វេសប្រហែស ឬការមិនយកចិត្តទុកដាក់ របស់អ្នកត្រូវបានធានារ៉ាប់រង។
    • ការបាត់បង់វ៉ាលិស ឬរបស់របរផ្ទាល់ខ្លួន ដែលមិនអាចពណ៌នា ឬបាត់បង់ដោយគ្មានមូលហេតុ។
    • ការបាត់បង់ ឬចោរកម្មលើរាល់ទ្រព្យសម្បត្តិ ដោយសារការធ្វេសប្រហែសរបស់អ្នកត្រូវបានធានារ៉ាប់រង ដែលមិនបានយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នការពារទ្រព្យសម្បត្តិទាំងអស់នោះ។

ករណីមិនធានាទូទៅ

បណ្ណសន្យារ៉ាប់រងនេះមិនធានាលើ៖

  • សង្គ្រាម ការឈ្លានពាន កលល្បិចរបស់សត្រូវបរទេស អរិភាព (មិនថាសង្គ្រាមនោះត្រូវបានប្រកាស ឬមិនត្រូវបានប្រកាសក៏ដោយ) សង្គ្រាមស៊ីវិល ការប្រឆាំងនឹងរដ្ឋាភិបាល បដិវត្តន៍ ការបះបោរ ការប្រើអំណាចយោធា ឬការដណ្តើមអំណាច។
  • ការសាយភាយពីវិទ្យុសកម្ម ឬការចម្លងរោគដោយធាតុវិទ្យុសកម្មពីចំហេះនុយក្លេអ៊ែរ កាកសំណល់នុយក្លេអ៊ែរ ការឆេះនៃចំហេះនុយក្លេអ៊ែរ ការផ្ទុះនុយក្លេអ៊ែរ ឬអាវុធនុយក្លេអ៊ែរ។
  • អ្នកដែលត្រូវបានធានារ៉ាប់រងដែលកំពុងធ្វើដំណើរក្នុង ឬកំពុងចូលក្នុង ឬកំពុងចុះចេញពីយន្តហោះណាមួយ លើកលែងតែអ្នកធ្វើដំណើរបង់ថ្លៃ ដែលកំពុងធ្វើដំណើរនៅក្នុងយន្តហោះដឹកជញ្ជូនអ្នកដំណើរដែលមានអាជ្ញាបណ្ណត្រឹមត្រូវតាមច្បាប់។
  • រាល់គ្រោះថ្នាក់ណាមួយដែលកើតឡើងក្នុងអំឡុងពេលដែលអ្នកត្រូវបានធានារ៉ាប់រងកំពុងចូលរួមការងារ ឬការបំពេញកាតព្វ កិច្ចការងារណាមួយ ឬចូលរួមប្រមាញ់ក្នុងព្រៃ ការប្រណាំងល្បឿនផ្សេងៗ ការជិះសេះប្រណាំងវាយកូនបាល់ ការឡើងភ្នំ កីឡារដូវរងារ ការជិះយន្តហោះស្លាបក្តោងសំកាំង (hang-gliding) កីឡាលោតពីលើអាកាស ឬការប្រណាំង ឬលោតទម្លាក់ខ្លួនពីទីខ្ពស់ ឬសកម្មភាពដែលងាយនឹងគ្រោះថ្នាក់ផ្សេងទៀត។
  • ការធ្វើអត្តឃាត ឬការប៉ុនប៉ងធ្វើអត្តឃាត (ទោះជាករណីឃាតកម្ម ឬអត់ក៏ដោយ)។
  • រាល់ឧប្បត្តិហេតុណាមួយកើតឡើងខណៈពេលដែលអ្នកត្រូវបានធានារ៉ាប់រងមានស្មារតីមិនប្រក្រតី ឬក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ឬឱសថដែលមិនមានវេជ្ជបញ្ជាត្រឹមត្រូវពីគ្រូពេទ្យជំនាញ។
  • ការពពោះ ឬការសម្រាលកូន ឬការរងរបួសលើរាងកាយដែលបង្កឡើងដោយសារហេតុផលណាមួយដែលកើតឡើង ឬវិវត្តបន្តិចម្តងៗ ជាជាងកើតឡើងភ្លាមៗ ដោយចៃដន្យ។
  • អំពើភេរវកម្មមានន័យថាជាទង្វើមួយ ដោយមិនកំណត់ថាជាការប្រើកម្លាំង ឬអំពើហិង្សា និង/ឬ ការគំរាមកំហែងដោយបុគ្គលណាម្នាក់ ឬមនុស្សមួយក្រុម ទោះជាប្រព្រឹត្តដោយបុគ្គលម្នាក់ ទោះក្នុងនាម ឬមានការពាក់ព័ន្ធនឹងអង្គការ ឬរដ្ឋាភិបាលណាមួយ ដែលបានប្រព្រឹត្ត សម្រាប់គោលបំណងនយោបាយ សាសនា មនោគមវិជ្ជា ឬមានគោលបំណងស្រដៀងគ្នាដើម្បីមានឥទ្ធិពលលើរដ្ឋាភិបាល និង/ ឬធ្វើឱ្យសាធារណជនមានការភ័យខ្លាច។
  • បដ្ឋិលេខចំពោះករណីមិនធានាលើភេរវកម្ម (NMA 2921)
  • ខចែងស្តីអំពីការដាក់កំហិតទណ្ឌកម្ម និងករណីមិនធានា (LMA 3100)

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?

  • គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
  • អាយុរបស់អ្នកត្រូវបានធានារ៉ាប់រងគឺចន្លោះពី ១៨ ដល់ ៦៥ ឆ្នាំ និងចាប់ពីថ្ងៃពិការភាព

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

កិច្ចសន្យាធានារ៉ាប់រងនេះមិនតម្រូវឱ្យបញ្ចប់នោះទេ លើកលែងតែលក្ខខណ្ឌដែលការបញ្ចប់កិច្ចសន្យានោះត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងទាំងសងខាងរវាងអ្នកត្រូវបានធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រង មុនពេលដែលកិច្ចសន្យាធានារ៉ាប់រងចាប់ផ្ដើម។ អ្នកត្រូវបានធានារ៉ាប់រងអាចនឹងទទួលបានការបង្វិលបុព្វលាភមកវិញ ដោយដកចេញថ្លៃសេវារដ្ឋបាល ១០%។


ក្នុងករណីដែលកិច្ចសន្យាធានារ៉ាប់រងបានចាប់ផ្ដើម នោះការបង្វិលបុព្វលាភវិញនឹងមិនត្រូវបានអនុញ្ញាតឡើយ។