បណ្ណសន្យារ៉ាប់រងឡចំហាយ និងម៉ាស៊ីនដែលប្រើសម្ពាធ
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការធានាលើឡចំហាយ និងម៉ាស៊ីនដែលប្រើសម្ពាធ ដែលបណ្ដាលមកពីការផ្ទុះ ឬការដួលរលំ ខណៈពេលកំពុងដំណើរការធម្មតា។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
បណ្ណសន្យារ៉ាប់រងនេះផ្តល់ការធានារ៉ាប់រងលើ៖
- ការខូចខាត (ក្រៅពីការខូចខាតបណ្តាលមកពីអគ្គិភ័យ) ចំពោះឡចំហាយ ឬម៉ាស៊ីនដែលប្រើសម្ពាធណាមួយ
- ការខូចខាតទ្រព្យសម្បតិ្តផ្សេងទៀតរបស់អ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើត្រូវបានដាក់ធានា
- ការទទួលខុសត្រូវផ្លូវច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង ចំពោះការខូចខាតទ្រព្យសម្បតិ្តដែលមិនមែនជាកម្មសិទ្ធិរបស់អ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើត្រូវបានដាក់ធានា
- ការទទួលខុសត្រូវផ្លូវច្បាប់របស់អ្នកត្រូវបានធានារ៉ាប់រង ចំពោះរបួសលើរូបរាងកាយ ឬការបាត់បង់ជីវិតដល់ជនណាម្នាក់ ក្រៅពីនិយោជិត ឬកម្មករផ្ទាល់របស់អ្នកត្រូវបានធានារ៉ាប់រង ឬសមាជិកគ្រួសាររបស់អ្នកត្រូវបានធានារ៉ាប់រង ប្រសិនបើត្រូវបានដាក់ធានា
ដែលការខូចខាត ឬការទទួលខុសត្រូវទាំងនោះ បណ្តាលមកពីការផ្ទុះ ឬដួលរលំដោយឯកឯងនៃឡចំហាយ ឬម៉ាស៊ីនដែលប្រើសម្ពាធណាមួយ ខណៈពេលដែលកំពុងដំណើរការធម្មតា។
តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?
កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ មានដូចជា ឡចំហាយ និងម៉ាស៊ីនដែលប្រើសម្ពាធ ដូចដែលបានរៀបរាប់នៅក្នុងបណ្ណសន្យារ៉ាប់រង និងស្ថិតនៅទីតាំងហានិភ័យដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង។
រយៈពេលនៃការធានា
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង ១ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រងដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើប្រភេទ អាយុកាល និងតម្លៃដាក់ធានារបស់ឡចំហាយ ចំនួនកំណត់នៃការទទួលខុសត្រូវទ្រព្យសម្បត្តិផ្សេងទៀតរបស់អ្នកត្រូវបានធានារ៉ាប់រង និងចំនួនកំណត់នៃការទទួលខុសត្រូវលើតតិយជន ប្រវត្តិនៃការបាត់បង់ ឬការខូចខាតកន្លងមក និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង / ដែនកំណត់នៃការទទួលខុសត្រូវ
ការខូចខាតសម្ភារៈ - ឡចំហាយ និងម៉ាស៊ីនដែលប្រើសម្ពាធ
លោកអ្នកត្រូវតែប្រាកដថា ចំនួនទឹកប្រាក់ដែលត្រូវដាក់ធានា គឺត្រូវផ្អែកលើតម្លៃនៃការផ្លាស់ប្តូរម៉ាស៊ីនថ្មី ដែលមានប្រភេទ និងសមត្ថភាពដូចគ្នា ដែលការចំណាយ ឬតម្លៃនៃការផ្លាស់ប្តូរ ត្រូវរួមបញ្ចូល ឧ. ថ្លៃដឹកជញ្ជូន កាតព្វកិច្ចបង់ពន្ធគយ (ប្រសិនបើមាន) និងថ្លៃដំឡើងសាងសង់។
ប្រសិនបើចំនួនទឹកប្រាក់ធានារ៉ាប់រងតិចជាងចំនួនដែលតម្រូវឱ្យដាក់ធានារ៉ាប់រង នោះក្រុមហ៊ុនធានារ៉ាប់រងនឹងផ្តល់សំណងតាមសមាមាត្រនៃចំនួនទឹកប្រាក់ដែលខុសគ្នាចំពោះទឹកប្រាក់ធានារ៉ាប់រង និងចំនួនដែលតម្រូវឱ្យមានការធានារ៉ាប់រង។ ប្រសិន បើកម្មវត្ថុធានារ៉ាប់រងមានច្រើនជាងមួយ ត្រូវអនុវត្តតាមលក្ខខណ្ឌដូចគ្នា និងដោយឡែកៗពីគ្នា។
ទ្រព្យសម្បត្តិផ្សេងទៀតរបស់អ្នកត្រូវបានធានារ៉ាប់រង
តម្លៃប៉ាន់ស្មានលើទ្រព្យសម្បត្តិផ្សេងទៀត ដែលអាចនឹងរងការខូចខាត នៅពេលមានការផ្ទុះ ឬដួលរលំឡចំហាយ និងម៉ាស៊ីនដែលប្រើសម្ពាធ។
ការទទួលខុសត្រូវលើតតិយជន
តម្លៃប៉ាន់ស្មានលើការខូចខាតដែលអាចកើតឡើង ដែលជាហេតុបង្កផលប៉ះពាល់ដល់តតិយជន នៅពេលមានការផ្ទុះ ឬដួលរលំឡចំហាយ និងម៉ាស៊ីនដែលប្រើសម្ពាធ។ - ការធានារ៉ាប់រងក្រោមតម្លៃជាក់ស្តែង
ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក តិចជាងតម្លៃពិតប្រាកដនៅពេលបាត់បង់ លោកអ្នកត្រូវបានចាត់ទុកថាធានាក្រោមតម្លៃធានារ៉ាប់រង ហើយលោកអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលខុសគ្នានោះ។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវបានអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។ លោកអ្នកត្រូវបានចាត់ទុកថាជាអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលលើស ហើយត្រូវទទួលខុសត្រូវលើការខូចខាត ទៅតាមអត្រាសមាមាត្ររបស់ខ្លួន។ - លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានាមានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួនដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។ - ការជូនដំណឹងអំពីការទាមទារសំណង
- នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
- លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។ - កម្រិតទឹកប្រាក់មិនធ្វើសំណង
កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានានៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
- ភាពអាក់ខានដំណើរការ ភាពមិនប្រក្រតី បញ្ហា ឬកំហូច ដោយសារភាពសឹករេចរឹល ឬភាពចុះខ្សោយរបស់ឡចំហាយ ឬម៉ាស៊ីនដែលប្រើសម្ពាធ ទោះជាតាមរយៈការលេចធ្លាយ ច្រេះស៊ី ឬដោយសារប្រេងឥន្ធនៈ ឬចង្អូរ(grooving) ឬការបែកបាក់នៃផ្នែកណាមួយនៃឡចំហាយ ឬម៉ាស៊ីនដែលប្រើសម្ពាធ ឬការខូចបន្តិចម្តងៗ ឬការកើនឡើងនៃស្នាមប្រេះ ឬប៉ោង(blisters) ឬស្រទាប់ការពារ (laminations) និងកំហូចផ្សេងៗទៀត ការបែកបាក់ (fractures) ភាពខ្វះចន្លោះនៃការតភ្ជាប់(failure of joints) ឬ ការឡើងប៉ោង(bulging) និងការខូចទ្រង់ទ្រាយដោយសារតែការឡើងកំដៅនៃបំពង់ទុយោ (លុះត្រាតែការខ្វះចន្លោះទាំងនោះ ការបាក់បែក ភាពអន់ថយ ឬការឡើងប៉ោងបណ្តាលឱ្យផ្ទុះ ឬដួលរលំ) ឬស្នាមប្រេះផ្នែកណាមួយនៃដែកបន្ទះកំដៅរបស់ឡចំហាយ ឬម៉ាស៊ីនដែលប្រើសម្ពាធផ្សេងៗទៀត (cast-iron heating boilers or other vessels) ដែលបានធ្វើឡើងពីដែក បន្ទះ។
- ភាពអាក់ដំណើរការនៃបំពង់ទុយោនីមួយៗនៃបំពង់ទឹករបស់ឡចំហាយ ក្បាលម៉ាស៊ីន (locomotive) ឬបំពង់ទុយោជាច្រើនផ្សេងទៀត (multi-tubular types) ទាំងនៅក្នុងឧបករណ៍បំលែងចំហាយ (superheaters) ឬនៅក្នុងម៉ាស៊ីនសន្សំប្រេង(economizers) (លុះត្រាតែការខ្វះចន្លោះទាំងនោះបណ្តាលឱ្យផ្ទុះ ឬដួលរលំ)។
- ការខូចខាតទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់អ្នកត្រូវបានធានារ៉ាប់រង ឬទ្រព្យសម្បត្តិត្រូវបានគេផ្ញើទុក ឬរក្សាទុកសម្រាប់ទទួលកម្រៃជើងសាដែលអ្នកត្រូវបានធានារ៉ាប់រងត្រូវទទួលខុសត្រូវ ដែលបណ្តាល មកពីអគ្គិភ័យដែលកើតចេញពីការផ្ទុះ ឬដួលរលំ ឬបុព្វហេតុផ្សេងទៀត ឬការខូចខាតដល់គ្រឿងចក្រដែល បណ្តាលមកពីបុព្វហេតុផ្សេងទៀតក្រៅពីខាងលើ លុះត្រាតែមានចែងបញ្ជាក់ច្បាស់ថាជាកម្មវត្ថុដែលត្រូវបានធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រង។
- ការខូចខាត និង/ឬ ការទទួលខុសត្រូវដែលបណ្តាលមកពីការប្រព្រឹត្តដោយចេតនា ឬការធ្វេសប្រហែសដោយចេតនារបស់អ្នកត្រូវបានធានារ៉ាប់រង។
- ការបាត់បង់ដោយសារការបញ្ឈប់សកម្មភាពការងារ។
- កម្រិតទឹកប្រាក់មិនធ្វើសំណងដែលមានចែងនៅក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង ដែលត្រូវរ៉ាប់រងដោយអ្នកត្រូវបានធានារ៉ាប់រងនៅក្នុងហេតុការណ៍ណាមួយដែលកើតឡើង។
- ការបាត់បង់ ឬការខូចខាតដែលមានប្រភពដើមពី ឬវិសាលភាពពី ឬដោយផ្ទាល់ ឬដោយប្រយោល កើតឡើងដោយមូលហេតុដែលនៅជិត ឬនៅឆ្ងាយ ឬចូលរួមចំណែកដោយមូលហេតុណាមួយដូចខាងក្រោម៖
- ព្យុះទីហ្វុង ព្យុះហារីខេន ការផ្ទុះភ្នំភ្លើង រញ្ជួយដី ឬគ្រោះថ្នាក់ធម្មជាតិផ្សេងៗទៀត។
- ការបាត់បង់ ឬខូចខាតដោយផ្ទាល់ ឬដោយប្រយោលដែលបណ្តាលមកពី ឬកើតឡើងពីសង្គ្រាម ការឈ្លានពាន សកម្មភាពរបស់សត្រូវបរទេស គ្រោះអរិភាព (ទោះបីជាសង្គ្រាមនោះត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) សង្គ្រាមស៊ីវិល ឧទ្ទាមកម្ម បដិវត្តន៍ ការដណ្តើមអំណាច ការបះបោរ កុបកម្ម កូដកម្ម វិធានការបិទខ្ទប់ ចលាចលស៊ីវិល ការប៉ុនប៉ងដណ្តើមអំណាចដោយយោធា ក្រុមមនុស្សព្យាបាទ ឬបុគ្គលដែលតំណាងឱ្យ ឬដែលមានទំនាក់ទំនងជាមួយនឹងអង្គភាពនយោបាយណាមួយ ការរួមគំនិតក្បត់ ការរឹបអូស ការកេណ្ឌ ការប្តឹងផ្តល់ ឬការបំផ្លិចបំផ្លាញ ឬធ្វើឱ្យខូចខាតទ្រព្យសម្បត្តិ ដោយសេចក្តីសម្រេច ឬបញ្ជាណាមួយរបស់រដ្ឋាភិបាលដោយស្របច្បាប់ ឬមិនស្របច្បាប់ ឬដោយអាជ្ញាធរសាធារណៈ ប្រតិកម្មនុយក្លេអ៊ែរ វិទ្យុសកម្មនុយក្លេអ៊ែរ ឬការចម្លងរោគដោយធាតុវិទ្យុសកម្ម។
- ការធ្វើតេស្តណាមួយផ្សេងទៀត ក្រៅពីការធ្វើតេស្តដែលមានសម្ពាធមិនឱ្យលើសពីសម្ពាធអតិបរមាដែលអនុញ្ញាតដោយអាជ្ញាធរត្រួតពិនិត្យ។
- ខចែងស្តីអំពីការដាក់កំហិតទណ្ឌកម្ម និងករណីមិនធានា
- បដ្ឋិលេខចំពោះករណីមិនធានាលើភេរវកម្ម
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
- មានការធានារ៉ាប់រងលើទ្រព្យសម្បត្តិជាមួយ ក្រុមហ៊ុន ប្រូសួរ អ៊ិនសួរេន
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១០) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។