បណ្ណសន្យារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យារ៉ាប់រងនេះនឹងផ្តល់សំណងសម្រាប់ការរងរបួសរាងកាយ ពិការភាព ឬមរណភាព ដោយឧបទ្ទវហេតុចៃដន្យ ដែលបង្កឡើងដោយផ្ទាល់ មកពីគ្រោះថ្នាក់ដែលមានលក្ខណៈហិង្សា កើតឡើងដោយចៃដន្យ កើតឡើងនៅផ្នែកខាងក្រៅនៃរាងកាយ និងអាចមើលឃើញនឹងភ្នែក ដែលជាមូលហេតុបណ្តាលឱ្យអ្នកត្រូវបានធានារ៉ាប់រង ពិការភាព ឬតម្រូវឱ្យមានការព្យាបាលវេជ្ជសាស្ត្រ និង/ឬការវះកាត់ ឬបាត់បង់ជីវិត។
បណ្ណសន្យារ៉ាប់រងគ្រោះថ្នាក់បុគ្គលបែងចែកជាពីរប្រភេទធំៗ៖
- បណ្ណសន្យារ៉ាប់រងលើគ្រោះថ្នាក់បុគ្គល – ការពារលើបុគ្គលម្នាក់ៗសម្រាប់ជីវិតផ្ទាល់ខ្លួន ឬសម្រាប់ជីវិតប្តីប្រពន្ធ និងកូនៗរបស់ពួកគេ។
- បណ្ណសន្យារ៉ាប់រងលើគ្រោះថ្នាក់បុគ្គលជាក្រុម – ការពារលើបុគ្គលជាក្រុម ជាទូទៅគឺធានាលើជីវិតរបស់និយោជិតរបស់ពួកគេនៅក្នុងក្រុមហ៊ុន ឬសមាជិកនៃអង្គការមួយ។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការការពារ៖
| ល.រ | អត្ថប្រយោជន៍ កម្រិតសំណង | កម្រិតសំណង |
|---|---|---|
| ១ | មរណភាពដោយសារគ្រោះថ្នាក់ | ១00% នៃចំនួនទឹកប្រាក់ធានារ៉ាប់រងសរុប |
| ២ | ពិការភាពជាអចិន្រ្តៃយ៍ ទាំងស្រុង ឬដោយផ្នែក | សំណងផ្អែកលើភាគរយជាក់ស្តែងនៃចំនួនទឹកប្រាក់ធានារ៉ាប់រង ដោយអាស្រ័យលើភាពធ្ងន់ធ្ងរនៃពិការភាព។ សំណងនឹងត្រូវបានបង់តាមអត្រាដូចដែលបានបញ្ជាក់នៅក្នុងតារាងឧបសម្ព័ន្ធស្តីពីការធ្វើសំណង |
| ៣ | សេវាសម្រាកព្យាបាលពេលមានគ្រោះថ្នាក់ | ធ្វើការទូទាត់សងថ្លៃព្យាបាលជាក់ស្តែង ចាំបាច់ និងសមហេតុផល រហូតដល់កម្រិតនៃចំនួនទឹកប្រាក់ធានារ៉ាប់រង |
| ៤ | ការចំណាយលើបុណ្យឈាបនកិច្ច (ការបាត់បង់ជីវិតដោយសារគ្រោះថ្នាក់តែប៉ុណ្ណោះ) | ផ្អែកលើចំនួនទឹកប្រាក់ធានារ៉ាប់រង |
តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?
ការធានារ៉ាប់រងនេះផ្តល់សំណងសម្រាប់ការរងរបួសរាងកាយ ពិការភាព ឬមរណភាព ដោយឧបទ្ទវហេតុចៃដន្យ ដែលបង្កឡើងដោយផ្ទាល់ មកពីគ្រោះថ្នាក់ដែលមានលក្ខណៈហិង្សា កើតឡើងដោយចៃដន្យ កើតឡើងនៅផ្នែកខាងក្រៅនៃរាងកាយ និងអាចមើលឃើញនឹងភ្នែក ដែលជាមូលហេតុបណ្តាលឱ្យអ្នកត្រូវបានធានារ៉ាប់រង បាត់បង់ជីវិត ឬពិការភាពជាអចិន្រ្តៃយ៍ ឬតម្រូវឱ្យមានការព្យាបាលវេជ្ជសាស្ត្រ និង/ឬការវះកាត់ ដល់អ្នកត្រូវបានធានារ៉ាប់រង ។
រយៈពេលនៃការធានា
បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ ទំហំទឹកប្រាក់ធានារ៉ាប់រង មុខរបរ អាយុ ប្រភេទនៃវិសាលភាពធានារ៉ាប់រង – ការធានាពេញ២៤ម៉ោង នៅទូទាំងពិភពលោក ឬការធានាក្នុងម៉ោងធ្វើការតែប៉ុណ្ណោះនៅក្នុងប្រទេស កម្ពុជា ប្រវត្តិនៃការទាមទារសំណង និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
ជីវិតមនុស្សមិនអាចកាត់ថ្លៃបានឡើយ។ ភាគីអ្នកត្រូវបានធានារ៉ាប់រងត្រូវតែកំណត់ចំនួនទឹកប្រាក់ធានារ៉ាប់រងឱ្យបានគ្រប់គ្រាន់ដោយខ្លួនឯង អាស្រ័យលើប្រវត្តិផ្ទាល់ខ្លួន អាយុ ស្ថានភាពនៃការអភិវឌ្ឍអាជីព សមត្ថភាពរកប្រាក់ចំណូល និងចំនួនអ្នកនៅក្នុងបន្ទុករបស់បុគ្គលម្នាក់ៗ។ - ការជូនដំណឹងអំពីការទាមទារសំណង
- នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង៣០ថ្ងៃ ចាប់ពីថ្ងៃឧបទ្ទវហេតុ។
- លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
- ប្រព្រឹត្តិអំពើខុសច្បាប់ និងឧក្រិដ្ឋកម្មផ្សេងៗ
- គ្រោះថ្នាក់ដែលបង្កឡើងដោយការសេពគ្រឿងស្រវឹង ឬប្រើប្រាស់គ្រឿងញៀន
- ការប្រព្រឹត្ត ឬប៉ុនប៉ងធ្វើអត្តឃាត(សម្លាប់ខ្លួន) ឬចេតនាបង្ករបួសស្នាមមកលើខ្លួនឯង
- ករណីពិការភាព ឬមរណភាពដែលបណ្តាលមកពីផលប៉ះពាល់នៃការវះកាត់កែសម្ភស្សផ្សេងៗ
- គ្រោះថ្នាក់ដែលបណ្តាលមកពីការចូលរួមក្នុងចលនា ឬសកម្មភាពបាតុកម្ម កូដកម្ម ឧទ្ទាមកម្ម កុប្បកម្ម ភេរវកម្ម
- ជំងឺ ឬការឈឺថ្កាត់
- មរណភាពដោយផ្ទាល់ឬប្រយោលដោយសារតែការសម្រាលកូន ឬផលវិបាកនៃការមានផ្ទៃពោះ
- ជំងឺអេដស៍/មេរោគ HIV ឬជំងឺពាក់ព័ន្ធណាមួយ
- ការខូចខាតបណ្តាលមកពី សព្វាវុធនុយក្លេអ៊ែ ឬចូលរួមចំណែកបង្កឡើងដោយ ឬកើតឡើងដោយ សារធាតុវិទ្យុសកម្ម
- សង្គ្រាម ការលុកលុយ ទង្វើរបស់សត្រូវបរទេស អរិភាព (ទោះជាសង្គ្រាមត្រូវប្រកាស ឬអត់) សង្គ្រាមស៊ីវិល
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១០) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។
ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយលើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។