PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងលើការដឹកជញ្ជូនទំនិញ


តើផលិតផលនេះគឺជាអ្វី?

បណ្ណសន្យារ៉ាប់រងនេះផ្តល់សំណងជូនលោកអ្នក ចំពោះការបាត់បង់ ឬខូចខាតទៅលើទំនិញរបស់លោកអ្នកដែលកើតចេញពីគ្រោះថ្នាក់អំឡុងពេលដឹកជញ្ជូនទំនិញពីកន្លែងមួយ ទៅកន្លែងមួយទៀត តាមរយៈ ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងដឹកជញ្ជូនតាមផ្លូវគោក។


តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងនេះធានាលើទំនិញក្នុងអំឡុងពេលដឹកជញ្ជូន ហើយរួមបញ្ចូលទាំងទំនិញដែលស្តុកទុកសម្រាប់ការដឹកជញ្ជូននោះ។ ការធានារ៉ាប់រងទាំងអស់ត្រូវអនុវត្តតាមខសន្យា/លក្ខខណ្ឌការធានារ៉ាប់រងការដឹកជញ្ជូនទំនិញ ជាទូទៅរួមមាន៖


ខសន្យា/លក្ខខណ្ឌស្តីពីការដឹកជញ្ជូនទំនិញ ប្រភេទ (ក) ឬ ខសន្យា/លក្ខខណ្ឌស្តីពីការដឹកជញ្ជូនទំនិញ (ផ្លូវអាកាស)

ធានារ៉ាប់រងគ្រប់ហានិភ័យ លើការបាត់បង់ ឬខូចខាតទៅលើទំនិញ។


ខសន្យា/លក្ខខណ្ឌស្តីពីការដឹកជញ្ជូនទំនិញ ប្រភេទ (ខ)

ធានារ៉ាប់រងចំពោះការបាត់បង់ ឬខូចខាតទៅលើទំនិញបណ្តាលមកពីហេតុការណ៍ដូចខាងក្រោម៖

    • អគ្គិភ័យ ឬ ការផ្ទុះនានា
    • នាវា ឬ យន្តហោះ ដែលបាន ជាប់គាំង កើល លិច ឬផ្អៀង
    • ការក្រឡាប់ ឬ ការធ្លាក់ផ្លូវនៃការដឹកជញ្ជូនតាមផ្លូវគោក
    • ការបុកប៉ះទង្គិចនៃនាវា យន្តហោះ និងការដឹកជញ្ជូនតាមផ្លូវគោកនានា
    • ការផ្ទេរទំនិញនៅកំពង់ផែ
    • ការរញ្ជួយដី បន្ទុះភ្នំភ្លើង និង រន្ទះបាញ់
    • ការលះបង់ជាមធ្យមទូទៅ (General average sacrifice)
    • ការទម្លាក់ផ្នែកខ្លះនៃទំនិញក្នុងនាវាចូលក្នុងសមុទ្រដើម្បីរក្សាស្ថិរភាព ឬរលកបោកទំនិញចូលក្នុងសមុទ្
    • ការលេចទឹកសមុទ្រ ទឹកទន្លេ ទឹកបឹង ចូលក្នុងនាវា កុងតឺន័រ ឬកន្លែងស្តុកឥវ៉ាន់ជាដើម
    • ការខូចខាតទាំងស្រុងនូវកញ្ចប់ទំនិញ ដោយសារការលិច ឬធ្លាក់ក្នុងទឹក ក្នុងខណៈពេលដែលលើកឡើង ឬដាក់ចុះពីនាវា

ខសន្យា/លក្ខខណ្ឌស្តីពីការដឹកជញ្ជូនទំនិញ ប្រភេទ (គ)

ហានិភ័យដែលធានារួមមាន៖

    • អគ្គិភ័យ ឬ ការផ្ទុះនានា
    • នាវា ឬ យន្តហោះដែលបាន ជាប់គាំង កឿង លិច ឬផ្អៀង
    • ការក្រឡាប់ ឬ ការធ្លាក់ផ្លូវនៃការដឹកជញ្ជូនតាមផ្លូវគោក
    • ការបុកប៉ះទង្គិចនៃនាវា យន្តហោះ និងការដឹកជញ្ជូនតាមផ្លូវគោកនានា
    • ការផ្ទេរទំនិញនៅកំពង់ផែ
    • ការលះបង់ជាមធ្យមទូទៅ (General average sacrifice)
    • ការទម្លាក់ផ្នែកខ្លះនៃទំនិញក្នុងនាវាចូលក្នុងសមុទ្រដើម្បីរក្សាស្ថិរភាព

ជាមួយការបង់បុព្វលាភធារ៉ាប់រងបន្ថែម ចំពោះការធានានៅក្នុងបណ្ណសន្យារ៉ាប់រង លោកអ្នកអាចនឹងត្រូវទទួលបានការធានារ៉ាប់រងបន្ថែម រួមមានការធានាដូចខាងក្រោម៖


ខសន្យា/លក្ខខណ្ឌស្តីពីសង្រ្គាម (តាមផ្លូវទឹក) / (តាមផ្លូវអាកាស)

ធានាចំពោះការបាត់បង់ ឬខូចខាតដែលកើតចេញពីគ្រោះថ្នាក់ដោយសារសង្រ្គាម អំឡុងពេលដែលទំនិញស្ថិតនៅលើទឹក ឬលើអាកាស។ ករណីមិនធានា គឺដូចគ្នាទៅនឹង ខសន្យាធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ និងករណីមិនធានាបន្ថែមទៅលើការអាក់ខានក្នុងការធ្វើដំណើរ (ឧ. មិនធ្វើការផ្តល់សំណង ប្រសិនបើទំនិញមិនត្រូវបានដឹកជញ្ជូនដោយសារករណីសង្រ្គាម)។


ខសន្យា/លក្ខខណ្ឌស្តីពីកូដកម្ម (តាមផ្លូវទឹក) / (តាមផ្លូវអាកាស)

ធានាចំពោះការបាត់បង់ ឬខូចខាតដែលកើតចេញពីកូដកម្ម កុបកម្ម ភេរវកម្ម ឬសកម្មភាពដែលកើតចេញពីការចលាចលផ្នែកនយោបាយ។ ករណីមិនធានានេះ គឺដូចគ្នាទៅនឹង ខសន្យាដែលកើតឡើងដោយសារសង្គ្រាម ប៉ុន្តែវាមានករណីមិនធានាបន្ថែមដែលជាប់ពាក់ព័ន្ធគ្នាទៅនឹង ការខ្វះខាត ឬដកហូតកម្លាំងពលកម្ម។ រយៈពេលនៃការធានាគឺដូចគ្នាទៅនឹង ខសន្យាធានារ៉ាប់រងលើការដឹកជញ្ជូនទំនិញ។


តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះ គឺគ្រប់ប្រភេទនៃចលនវត្ថុដូចបានរៀបរាប់នៅក្នុងបណ្ណសន្យារ៉ាប់រង ខណៈពេលកំពុងធ្វើការដឹកជញ្ជូនតាមនាវា/ តាមផ្លូវអាកាស/ តាមផ្លូវគោក ដូចដែលបានបញ្ជាក់ក្នុងតារាងសង្ខេបនៃបណ្ណសន្យារ៉ាប់រង ប៉ុន្តែមិនរាប់បញ្ចូលកុងតឺន័រ។


រយៈពេលនៃការធានា

បណ្ណសន្យារ៉ាប់រងលើការដឹកជញ្ជូនទំនិញនេះ គឺជាការធានារ៉ាប់រងដ៏ចំបងចំពោះ "ការធ្វើដំណើរ" ឬ "ការដឹកជញ្ជូន" ដែលការធានានេះស្របតាមរយៈពេលនៃការធ្វើដំណើរ ឬការដឹកជញ្ជូន។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រង និងលក្ខខណ្ឌអាចប្រែប្រួលអាស្រ័យលើ ៖

  • ប្រភេទនៃទំនិញ
  • វិធីសាស្រ្តនៃការវេចខ្ចប់ទំនិញ
  • ទឹកប្រាក់ធានាសរុបសម្រាប់ការដឹកជញ្ជូនមួយលើក
  • ភាពញឹកញាប់នៃការដឹកជញ្ជូន
  • ប្រភេទនៃតម្រូវការក្នុងការធានារ៉ាប់រង
  • មធ្យោបាយនៃការដឹកជញ្ជូន (ផ្ទុកទំនិញពេញកុងតឺន័រ ផ្ទុកទំនិញមិនពេញកុងតឺន័រ ធម្មតា)
  • គោលដៅនៃការធ្វើដំណើរ បូករួមទាំងការផ្ទេរទំនិញពីនាវាមួយទៅនាវាមួយទៀត
  • ការប្រើប្រាស់នាវា
  • ប្រវត្តិនៃការទាមទារសំណង
  • លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង (ប្រសិនបើចាំបាច់)

តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនី ធនាគារ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • ចំនួនទឹកប្រាក់ដែលត្រូវដាក់ធានា
    លោកអ្នកត្រូវប្រាកដថា រាល់ទំនិញត្រូវបានធានាក្នុងតម្លៃតាមវិក្កយបត្រ បូក ១០% សម្រាប់ការនាំចូល និងនាំចេញ និងតម្លៃវិក្កយបត្រសម្រាប់តែការដឹកជញ្ជូនក្នុងស្រុកតែប៉ុណ្ណោះ។
    លោកអ្នកត្រូវតែផ្តល់ដំណឹងដល់ក្រុមហ៊ុនធានារ៉ាប់រង ប្រសិនបើទំនិញត្រូវបានផ្ធុកនៅលើដំបូលនាវានឹងមិនស្ថិតក្នុងកុងតឺន័រ។ បើមិនដូច្នោះទេគេនឹងយល់ថាទំនិញនោះនឹងត្រូវបានផ្ទុកខាងក្នុងឃ្លុបនាវា។
  • ការជូនដំណឹងអំពីការទាមទារសំណង
    - លោកអ្នកត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរដោយលម្អិតព័ត៌មានដល់ក្រុមហ៊ុនធានារ៉ាប់រង ឬភ្នាក់ងារត្រួតពិនិត្យដែលមានឈ្មោះក្នុងបណ្ណសន្យារ៉ាប់រងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
    - លោកអ្នកត្រូវតែដាក់ពាក្យទាមទារសំណងរបស់អ្នកដោយភ្ជាប់មកជាមួយគ្រប់ព័ត៌មាន និងឯកសារគាំទ្រទាំងអស់ដល់ក្រុមហ៊ុនធានារ៉ាប់រង ឬភ្នាក់ងារដោះស្រាយ ឬភ្នាក់ងារត្រួតពិនិត្យដែលមានឈ្មោះក្នុងបណ្ណសន្យារ៉ាប់រង ហើយផ្តល់កិច្ចសហប្រតិបត្តិការពេញលេញក្នុងការវាយតម្លៃទៅលើការទាមទារសំណងរបស់លោកអ្នក។
  • កម្រិតទឹកប្រាក់មិនធ្វើសំណង
    កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។
  • លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
    - សម្រាប់បណ្ណសន្យារ៉ាប់រងលើការដឹកជញ្ជូនតែមួយដង (Single Voyage) នោះបុព្វលាភធានារ៉ាប់រងដែលត្រូវបង់ គឺនៅមុនពេលទទួលបានការធានា។
    - សម្រាប់បណ្ណសន្យារ៉ាប់រងលើការដឹកជញ្ជូនច្រើនដង (Open Cover) បុព្វលាភធានារ៉ាប់រងត្រូវបង់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖

    • ការបាត់បង់ ការខូចខាត ឬចំណាយដែលកើតចេញពីកំហុសដោយចេតនារបស់អ្នកត្រូវបានធានារ៉ាប់រង
    • ការបាត់បង់ ការខូចខាត ឬចំណាយ កើតឡើងដោយការវិវឌ្ឍន៍ដំណើរធម្មជាតិ ឬដោយឯកឯង ទៅលើវត្ថុដែលបានធានានោះ
    • ការលេចធ្លាយធម្មតា ការបាត់បង់ទម្ងន់ ឬបរិមាណ ភាពសឹករេចរឹល ទៅលើវត្ថុដែលបានធានានោះ
    • ការបាត់បង់ ការខូចខាត ឬចំណាយកើតឡើងពីការក្ស័យធន ឬភាពខ្វះខាតនៅការចាត់ចែងហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រង ឬប្រតិបត្តិករនៅលើវានា
    • ការបាត់បង់ ការខូចខាត ឬចំណាយដែលកើតឡើងពីភាពមិនប្រុងប្រយ័ត្ន ភាពមិនសមស្រប ឬភាពមិនមានលក្ខណៈគ្រប់គ្រាន់ នៃនាវា យានដឹកទំនិញ កុងតឺន័រ ឬថតដាក់ទំនិញ សម្រាប់ការដឹកជញ្ជូនប្រកបដោយសុវត្ថិភាពចំពោះទំនិញត្រូវបានធានា ដែលអ្នកត្រូវបានធានារ៉ាប់រង ឬនិយោជិតរបស់ពួកគេបានដឹងអំពីភាពមិនសមស្រប ឬមិនមានលក្ខណៈគ្រប់គ្រាន់នោះនៅពេល ទំនិញត្រូវបានធានារ៉ាប់រងត្រូវបានលើកដាក់ ផ្ទុក
    • ការបាត់បង់ ខូចខាត ឬចំណាយដែលបណ្តាលមកពីការខ្វះខាត ឬការវេចខ្ចប់មិនត្រឹមត្រូវ ឬការរៀបចំនៃកម្មវត្ថុដែលបានធានានោះ
    • ការបាត់បង់ ខូចខាត ឬចំណាយដែលបង្កឡើងដោយការពន្យារពេល ថ្វីបើការពន្យារពេលត្រូវបានបង្កឡើងដោយហានិភ័យធានា រ៉ាប់រង
    • ការបាត់បង់ ខូចខាត ឬចំណាយដែលបណ្តាលមកពីការប្រើអាវុធណាមួយនៃសង្រ្គាម ដែលអាវុធនៃសង្រ្គាមនោះបង្កើតបានជា បំណែកបរម៉ាណូ ឬនុយក្លេអ៊ែរ និង/ឬការរលាយចូលគ្នា ឬប្រតិកម្មដទៃទៀត ឬ ប្រឈមនឹងវិទ្យុសកម្ម។

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?

  • គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងដើម្បីបញ្ជាក់ភស្តុតាងដែលថាការដឹកជញ្ជូនត្រូវបានលុបចោលដោយអ្នកបញ្ជាទិញ/អ្នកផ្គត់ផ្គង់ទំនិញ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិន បើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។


ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។