PROSUR INSURANCE PLC

 សំណង ២៤ ម៉ោង: ០៦៩ ៧៣១ ១១១ / ០១៧ ៧៧៧ ៨៩១

បណ្ណសន្យារ៉ាប់រងយានយន្តឯកជន


តើផលិតផលនេះគឺជាអ្វី?

បណ្ណសន្យារ៉ាប់រងនេះផ្តល់សំណងដល់លោកអ្នកចំពោះការខូចខាតដោយចៃដន្យ ឬការខូចខាតដោយភ្លើងឆេះ ឬការលួចយានយន្តរបស់លោកអ្នក ឬភារៈទទួលខុសត្រូវផ្លូវច្បាប់របស់លោកអ្នកចំពោះភាគីតតិយជនសម្រាប់ការរងរបួស ឬមរណភាព និងការខូចខាតទ្រព្យសម្បត្តិ។


តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?

បណ្ណសន្យារ៉ាប់រងនេះផ្ដល់ការធានាដូចខាងក្រោម៖

  • ការបាត់បង់ ឬការខូចខាតយានយន្តផ្ទាល់ខ្លួន ដោយសារការខូចខាតចៃដន្យ ឬភ្លើងឆេះ
  • ការលួចយានយន្តរបស់លោកអ្នក
  • ភារៈទទួលខុសត្រូវចំពោះភាគីតតិយជនសម្រាប់ការខូចខាតទ្រព្យសម្បត្តិ របួសរាងកាយ ឬមរណភាព
  • ថ្លៃការពារក្តី
  • ការបញ្ចុះតម្លៃក្នុងករណីគ្មានបណ្តឹងទាមទារសំណង (NCD) លើបុព្វលាភធានារ៉ាប់រងពេលបន្តកិច្ចសន្យាថ្មី)
  • ការបែក កញ្ចក់មុខក្រោយ ឬកញ្ចក់ទ្វារ (សម្រាប់ការធានារ៉ាប់រងពេញលេញតែប៉ុណ្ណោះ)
  • ថ្លៃសណ្តោងយានយន្តដែលបណ្ដាលមកពីការបុកទង្គិច (សម្រាប់ការធានារ៉ាប់រងពេញលេញតែប៉ុណ្ណោះ)

លោកអ្នកអាចពិចារណាទិញការធានាអត្ថប្រយោជន៍បន្ថែមតាមជម្រើសដោយបង់បុព្វលាភធានារ៉ាប់រងបន្ថែម៖

  • គ្រោះថ្នាក់ចំពោះអ្នកបើកបរដែលមានការអនុញ្ញាត
  • ភារៈទទួលខុសត្រូវលើអ្នកដំណើរ
  • ទឹកជំនន់ (សម្រាប់ការធានារ៉ាប់រងពេញលេញតែប៉ុណ្ណោះ)
  • កូដកម្ម កុបកម្ម និងចលាចលស៊ីវិល (សម្រាប់ការធានារ៉ាប់រងពេញលេញតែប៉ុណ្ណោះ)

តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?

កម្មវត្ថុធានារ៉ាប់រងក្រោមបណ្ណសន្យារ៉ាប់រងនេះគឺជាយានយន្តដែលបានរៀបរាប់លម្អិតនៅក្នុងបណ្ណសន្យារ៉ាប់រង និងមានទីតាំងស្ថិតនៅក្នុងព្រះរាជាណាចក្រកម្ពុជា។


រយៈពេលនៃការធានា

បណ្ណសន្យារ៉ាប់រងនេះ មានរយៈពេលធានារ៉ាប់រង១ ឆ្នាំ។ លោកអ្នកចាំបាច់ត្រូវធ្វើការបន្តកិច្ចសន្យាធានារ៉ាប់រងជារៀងរាល់ឆ្នាំ។


តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?

បុព្វលាភធានារ៉ាប់រងសរុបដែលលោកអ្នកត្រូវបង់ អាចប្រែប្រួលអាស្រ័យលើ ទំហំទឹកប្រាក់ធានារ៉ាប់រង ការប្រើប្រាស់យានយន្ត ទម្ងន់ផ្ទុក ប្រវត្តិនៃការខូចខាតកន្លងមក ការធានាអត្ថប្រយោជន៍បន្ថែម និងលក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង។


តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?

បណ្ណសន្យារ៉ាប់រងនេះមានរយៈពេល១ឆ្នាំ លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនីធនាគារ។


តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?

  • កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
    - លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
    - លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។
  • ចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រង
    លោកអ្នកត្រូវតែប្រាកដថា យានយន្តរបស់លោកអ្នកត្រូវបានដាក់ធានាក្នុងតម្លៃទីផ្សារយានយន្តបច្ចុប្បន្ន។
  • ការធានារ៉ាប់រងក្រោមតម្លៃជាក់ស្តែង
    ប្រសិនបើយានយន្តរបស់លោកអ្នកត្រូវបានធានា នៅអំឡុងពេលដែលមានការបាត់បង់ ឬខូចខាតមានតម្លៃតិចជាងតម្លៃទីផ្សារបច្ចុប្បន្ន លោកអ្នកត្រូវបានចាត់ទុកថាជាអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលខុសនោះ ហើយត្រូវទទួលខុសត្រូវលើការខូចខាតផងដែរ ទៅតាមអត្រាសមាមាត្ររបស់ខ្លួន។
  • លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
    ប្រសិនបើនៅពេលមានការខូចខាត ឬបាត់បង់កើតឡើង លើកម្មវត្ថុធានាមានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួន ដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។
  • ការជូនដំណឹងអំពីការទាមទារសំណង
    - នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង៧ថ្ងៃ ចាប់ពីថ្ងៃឧបទ្ទវហេតុ។
    - លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។
  • កម្រិតទឹកប្រាក់មិនធ្វើសំណង
    កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។
  • លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
    បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេ ការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។

តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?

ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖

    • ការរំខានធុរកិច្ចគ្រប់ប្រភេទ ការកាត់រំលស់ ភាពចាស់ និងសំណឹករេចរឹលនៃយានយន្ត។
    • ការបាក់បែកផ្នែកគ្រឿងម៉ាស៊ីននៃយានយន្ត ឬការខូចខាត ឬការមិនដំណើរការនៃគ្រឿងម៉ាស៊ីន ឬប្រព័ន្ធអគ្គិសនីនៃយានយន្តដែលមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ។
    • ការខូចខាតដោយផ្ទាល់ចំពោះយានយន្តដែលបណ្តាលមកពីការ ផ្ទុកលើសទម្ងន់ ឬការផ្ទុកអ្នកដំណើរលើសចំណុះពីច្បាប់កំណត់ហើយដែលការខូចខាតនោះមិនបណ្តាលមកពីគ្រោះថ្នាក់ចៃដន្យ ។
    • ការខូចខាតចំពោះសម្បកកង់នៃយានយន្តដែលបណ្តាលមកពី ការដាច់រហែក ឬការផ្ទុះដោយឯកឯង លើកលែងតែការដាច់រហែក ឬការផ្ទុះនៃសម្បកកង់ទាំងនោះបណ្តាលមកពីការបុកប៉ះ ទង្គិច ឬក្រឡាប់ដោយចៃដន្យ។
    • ការខូចខាត ឬបាត់បង់យានសណ្តោង ដែលសណ្តោងដោយយានយន្តត្រូវបានធានារ៉ាប់រង បង្កឡើងដោយសារបញ្ហាខូចប្រព័ន្ធមេកានិចណាមួយនៃយានយន្ត ក្នុងពេលកំពុងសណ្តោង។
    • បើកបរដោយបុគ្គលណាមួយដែលសិ្ថតក្រោមឥទិ្ធពលនៃគ្រឿងស្រវឹង ឬ ថ្នាំញៀនដែលមិនអាចបញ្ជាយានយន្តបាន ។
    • ការប្រើប្រាស់យានយន្តក្រៅពីតំបន់ធានារ៉ាប់រង
    • ការប្រើប្រាស់យានយន្តក្នុងគោលបំណងទុច្ចរិត
    • សង្រ្គាម សង្រ្គាមស៊ីវិល និងសកម្មភាពភេរវកម្មណាមួយ

កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។


តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?

  • គ្មានពាក្យបណ្តឹងទាមទារសំណង រយៈពេល ៣ ឆ្នាំ
  • ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ

តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?

លោកអ្នកអាចធ្វើការស្នើសុំបញ្ចប់កិច្ចសន្យាធានារ៉ាប់រង ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេលដប់ (១0) ថ្ងៃនៃថ្ងៃធ្វើការ។ ក្នុងករណីនេះ លោកអ្នកមានសិទ្ធិទទួលបានការបង្វិលសងបុព្វលាភធានារ៉ាប់រងវិញ ចំពោះសុពលភាពដែលមិនទាន់ផុតកំណត់ ដោយដកចេញថ្លៃសេវារដ្ឋបាល១០% ប្រសិនបើមិនមានការទាមទារសំណងណាមួយកើតឡើងក្នុងអំឡុងពេលនៃការធានារ៉ាប់រងនេះទេ។


ក្រុមហ៊ុនធានារ៉ាប់រងនឹងមិនបង្វិលសងនូវបុព្វលាភធានារ៉ាប់រងឡើយ លើការបញ្ចប់កិច្ចសន្យាធានារ៉ាប់រងណាមួយ ប្រសិនបើបុព្វលាភធានារ៉ាប់រងត្រូវបានកំណត់យកនៅក្នុងកម្រិតបុព្វលាភធានារ៉ាប់រងអប្បបរមា។