បណ្ណសន្យារ៉ាប់រងហានិភ័យការដ្ឋានសំណង់
តើផលិតផលនេះគឺជាអ្វី?
បណ្ណសន្យារ៉ាប់រងនេះត្រូវបានរៀបចំឡើងដើម្បីបំពេញកាតព្វកិច្ចធានារ៉ាប់រងចំពោះអ្នកម៉ៅការ ក្រោមលក្ខខណ្ឌកិច្ចសន្យាម៉ៅការ។ បណ្ណសន្យារ៉ាប់រងនេះផ្តល់ការធានាលើការងារទាំងអស់ដែលត្រូវបានអនុវត្តនៅក្រោមកិច្ចសន្យា មិនថាជាការងារត្រៀមទុកមុន ការងារបណ្ដោះអាសន្ន ឬការងារបញ្ចប់ចុងក្រោយ រួមបញ្ចូលទាំងសម្ភារៈ និងឧបករណ៍សាងសង់ទាំងអស់ដែលបម្រើឱ្យការងារសំណង់។
ជាមួយនឹងការបង់ថ្លៃបុព្វលាភធានារ៉ាប់រងបន្ថែម ការធានានេះក៏ត្រូវរាប់បញ្ចូលផងដែរចំពោះបរិក្ខារសំណង់ ឧបករណ៍ និងគ្រឿងចក្រ គ្រឿងម៉ាស៊ីន ថ្លៃយកចេញនូវកំទេចកំទី ថ្លៃឈ្នួលវិជ្ជាជីវៈ និងទ្រព្យសម្បត្តិដែលនៅជុំវិញ ។
តើផលិតផលនេះធានារ៉ាប់រងទៅលើអ្វីខ្លះ / អត្ថប្រយោជន៍អ្វីខ្លះ?
ផ្នែកទី១ - ការខូចខាតសម្ភារៈ
ផ្នែកនេះធានា រាល់ការបាត់បង់ ឬខូចខាតដោយចៃដន្យដែលកើតឡើង (លើកលែងតែក្នុងករណីមិនធានាដូចមានចែងក្នុងបណ្ណសន្យារ៉ាប់រង) ចំពោះកិច្ចការសាងសង់/ទ្រព្យសម្បត្តិ/របស់របរដែលត្រូវបានធានា ក្នុងអំឡុងពេលនៃការធានារ៉ាប់រង ។
ផ្នែកទី២ - ការទទួលខុសត្រូវចំពោះតតិយជន
ផ្នែកនេះធានាលើការទទួលខុសត្រូវផ្លូវច្បាប់ចំពោះតតិយជន ដែលក្រុមហ៊ុនធានារ៉ាប់រងត្រូវទទួលខុសត្រូវក្នុងការធ្វើសំណងនៅពេលមានការខូចខាតកើតឡើងចំពោះ៖
- របួសដោយចៃដន្យលើរូបរាងកាយ ឬកើតជំងឺចំពោះតតិយជន
- ការបាត់បង់ ឬខូចខាតដោយចៃដន្យលើទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់តតិយជន។
តើកម្មវត្ថុដែលត្រូវដាក់ធានារ៉ាប់រងមានអ្វីខ្លះ?
ផ្នែកទី១ - ការខូចខាតសម្ភារៈ
- កិច្ចសន្យាការងារ (តម្លៃពេញនៃការងារដែលជាប់កិច្ចសន្យា នៅពេលដែលកិច្ចការសាងសង់បានបញ្ចប់)
- ទ្រព្យសម្បត្តិដែលនៅជុំវិញ
- គ្រឿងចក្រ គ្រឿងម៉ាស៊ីន និងសម្ភារៈនៃការសាងសង់
- ថ្លៃយកចេញនូវកំទេចកំទី
- ថ្លៃឈ្នួលវិជ្ជាជីវៈ
ជាមួយនឹងការបង់ថ្លៃបុព្វលាភធានារ៉ាប់រងបន្ថែម ការធានានេះក៏ត្រូវរាប់បញ្ចូលផងដែរចំពោះ៖
ផ្នែកទី២ - ការទទួលខុសត្រូវចំពោះតតិយជន
- របួសដោយចៃដន្យលើរូបរាងកាយ ឬកើតជំងឺចំពោះតតិយជន
- ការបាត់បង់ ឬខូចខាតដោយចៃដន្យលើទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិរបស់តតិយជន។
រយៈពេលនៃការធានា
រយៈពេលនៃការធានាគឺដូចគ្នាទៅនឹងរយៈពេលនៃកិច្ចសន្យាការងាររបស់លោកអ្នក ដែលមានចែងនៅក្នុងលិខិតសម្រេចការសាងសង់ (Letter of Award) ។ រយៈពេលនេះក៏រួមបញ្ចូលទាំងការសាកល្បងគ្រឿងម៉ាស៊ីន និងរយៈពេលនៃការតំហែទាំ បន្ទាប់ពីរយៈពេលកិច្ចសន្យារបស់លោកអ្នកបានផុតកំណត់។ រយៈពេលនៃការធានា គឺតម្រូវឱ្យមានរយៈពេលមួយឆ្នាំ ប៉ុន្តែចាំបាច់ត្រូវតែបន្តកិច្ចសន្យានៃការធានាដោយស្វ័យប្រវត្តិ ដើម្បីឱ្យស្របគ្នាជាមួយរយៈពេលនៃកិច្ចសន្យាដែលមានចែងនៅក្នុងលិខិតសម្រេចការសាងសង់។
តើខ្ញុំត្រូវបង់ថ្លៃបុព្វលាភធានារ៉ាប់រងប៉ុន្មាន?
បុព្វលាភធានារ៉ាប់រង និងលក្ខខណ្ឌអាចប្រែប្រួលអាស្រ័យលើ ៖
- តម្លៃកិច្ចសន្យាសរុប ឬទំហំទឹកប្រាក់ធានារ៉ាប់រង
- ប្រភេទនៃគម្រោងសាងសង់ និងកម្រិតហានិភ័យ
- ទីតាំងរបស់គម្រោង
- រយៈពេលនៃកិច្ចសន្យា (រយៈពេលការសាងសង់រួមបញ្ចូលទាំងរយៈពេលនៃការតំហែទាំ )
- ទ្រព្យសម្បត្តិដែលនៅជុំវិញ
- ការកំណត់នៃការទទួលខុសត្រូវជាកាតព្វកិច្ចចំពោះតតិយជន
- ការបន្ថែមការធានាណាមួយដែលចាំបាច់
- ការកំណត់ពីក្រុមហ៊ុនធានារ៉ាប់រងបន្ត
- ប្រវត្តិនៃការទាមទារសំណង
- លក្ខខណ្ឌតម្រូវផ្សេងៗក្នុងការធានារ៉ាប់រង (ប្រសិនបើចាំបាច់)
តើខ្ញុំបង់ថ្លៃបុព្វលាភធានារ៉ាប់រងយ៉ាងដូចម្តេច?
លោកអ្នកអាចបង់ថ្លៃបុព្វលាភធានារ៉ាប់រងទាំងអស់ តាមរយៈការបង់ជាសាច់ប្រាក់ មូលប្បទានប័ត្រ ឬការផ្ទេរប្រាក់តាមគណនី ធនាគារ។
តើអ្វីខ្លះជាលក្ខខណ្ឌសំខាន់ៗមួយចំនួនដែលខ្ញុំគួរតែដឹង?
- កាតព្វកិច្ចក្នុងការផ្តលព័ត៌មាន
- លោកអ្នកត្រូវតែផ្តល់នូវព័ត៌មានពិតទាំងអស់ដែលអ្នកដឹង ឬគួរដឹង។
- លោកអ្នកត្រូវតែប្រាកដថា ទម្រង់ស្នើសុំធានារ៉ាប់រង/កម្រងសំនួរត្រូវបានបំពេញយ៉ាងត្រឹមត្រូវ ដោយវាជាមូលដ្ឋាននៃកិច្ចសន្យាធានារ៉ាប់រង។ - ចំនួនទឹកប្រាក់ដែលត្រូវដាក់ធានា
លោកអ្នកត្រូវប្រាកដថា ចំនួនទឹកប្រាក់ដែលត្រូវដាក់ធានារបស់លោកអ្នកនៅក្នុងកិច្ចសន្យាធានារ៉ាប់រងមិនត្រូវតិចជាង៖
ក) តម្លៃពេញនៃកិច្ចសន្យាសាងសង់ នៅពេលដែលកិច្ចការសាងសង់បានបញ្ចប់
ខ) តម្លៃនៃការផ្លាស់ប្តូរគ្រឿងចក្រ និងគ្រឿងម៉ាស៊ីន (ប្រសិនបើមាន)
ប្រសិនបើចំនួនទឹកប្រាក់ធានារ៉ាប់រងតិចជាងចំនួនដែលតម្រូវឱ្យដាក់ធានារ៉ាប់រង នៅពេលមានការខូចខាត ឬបាត់បង់ (មានន័យថា ដាក់តម្លៃធានាក្រោមតម្លៃទីផ្សារ) នោះលោកអ្នកត្រូវទទួលបន្ទុករ៉ាប់រងចំពោះតម្លៃដែលខុសគ្នានោះ។ ស្របពេលជាមួយគ្នានេះ លក្ខខណ្ឌមធ្យមភាគនឹងត្រូវយកមអនុវត្តនៅពេលមានការទាមទារសំណង។ - ការធានារ៉ាប់រងក្រោមតម្លៃជាក់ស្តែង
ប្រសិនបើចំនួនទឹកប្រាក់ដែលត្រូវបានធានារ៉ាប់រងនៅក្នុងបណ្ណសន្យារ៉ាប់រងរបស់លោកអ្នក តិចជាងតម្លៃពិតប្រាកដនៅពេលមានការខូចខាត ឬបាត់បង់ នោះលោកអ្នកត្រូវបានចាត់ទុកថាធានាក្រោមតម្លៃជាក់ស្តែង ហើយលោកអ្នកត្រូវធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលខុសគ្នានោះ។ គោលការណ៍មធ្យមភាគនេះ (Average Condition) នឹងត្រូវបានអនុវត្តនៅក្នុងករណីដែលមានការទាមទារសំណង។ លោកអ្នកត្រូវបានចាត់ទុកថាជាអ្នកធានារ៉ាប់រងលើខ្លួនឯងសម្រាប់ចំនួនដែលលើស ហើយត្រូវទទួលខុសត្រូវលើការខូចខាត ទៅតាមអត្រាសមាមាត្ររបស់ខ្លួន។ - លក្ខខណ្ឌចូលរួមចំណែកពីការធានារ៉ាប់រងផ្សេងទៀត
ប្រសិនបើនៅពេលដែលមានការកើតឡើងការខូចខាត ឬបាត់បង់លើកម្មវត្ថុធានាមានបណ្ណសន្យារ៉ាប់រងផ្សេងទៀតដែលធ្វើការធានាលើកម្មវត្ថុដែលបានធានាដូចគ្នា ក្រុមហ៊ុនធានារ៉ាប់រងមានភារៈទទួលខុសត្រូវក្នុងការធ្វើសំណងមិនលើសពីចំណែករបស់ខ្លួនដែលមានលើការខូចខាតនោះទេ ទោះបីជាបណ្ណសន្យារ៉ាប់រងផ្សេងទៀតនោះដាក់ធានាដោយលោកអ្នក ឬអ្នកណាម្នាក់ផ្សេងទៀតក៏ដោយ។ - ការជូនដំណឹងអំពីការទាមទារសំណង
- នៅពេលមានហេតុការណ៍ណាមួយ ដែលនាំទៅដល់ការទាមទារសំណង លោកអ្នកត្រូវជូនដំណឹងទៅកាន់ក្រុមហ៊ុនធានារ៉ាប់រង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែមិនយូរជាង១៤ថ្ងៃ (ដប់បួនថ្ងៃ) ចាប់ពីថ្ងៃឧបទ្ទវហេតុ។
- លោកអ្នកត្រូវប្រគល់ឯកសារបណ្តឹងទាមទារសំណង មកកាន់ក្រុមហ៊ុនធានារ៉ាប់រងក្នុងរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃបាត់បង់ ឬតាមពេលវេលាបន្ថែមណាមួយដែលក្រុមហ៊ុនធានារ៉ាប់រងអនុញាត្តិជាលាយលក្សណ៍អក្សរ។ - កម្រិតទឹកប្រាក់មិនធ្វើសំណង
កម្រិតទឹកប្រាក់មិនធ្វើសំណងគឺជាចំនួនទឹកប្រាក់ដែលលោកអ្នកត្រូវរ៉ាប់រង មុនពេលក្រុមហ៊ុនធានារ៉ាប់រងធ្វើសំណងលើការខូចខាតដល់លោកអ្នក។ - លក្ខខណ្ឌបុព្វលាភធានារ៉ាប់រង
បុព្វលាភធានារ៉ាប់រងត្រូវបង់ទាំងអស់ និងទទួលដោយក្រុមហ៊ុនធានារ៉ាប់រង ក្នុងរយៈពេល ៣០ ថ្ងៃ ចាប់ពីថ្ងៃចាប់ផ្តើមនៃការធានារ៉ាប់រង បើមិនដូច្នេះទេការធានារ៉ាប់រងនឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ ហើយលោកអ្នកនឹងនៅតែមានការទទួលខុសត្រូវ ក្នុងការបង់បុព្វលាភសមាមាត្រសម្រាប់រយៈពេលដែលក្រុមហ៊ុនធានារ៉ាប់រងបានផ្តល់ការធានារ៉ាប់រងជូនលោកអ្នក។
តើករណីមិនធានារ៉ាប់រងនៅក្រោមបណ្ណសន្យារ៉ាប់រងនេះមានអ្វីខ្លះ?
ក្រុមហ៊ុនធានារ៉ាប់រង មិនផ្តល់ការធានាលើ៖
ករណីមិនធានា - ផ្នែកទី១ ~ ការខូចខាតសម្ភារៈ
- កម្រិតទឹកប្រាក់មិនធ្វើសំណងដែលមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង ដែលត្រូវទទួលខុសត្រូវដោយអ្នកត្រូវបានធានារ៉ាប់រង នៅពេលមានបញ្ហាណាមួយកើតឡើង
- ការបាត់បង់ផ្នែកហិរញ្ញវត្ថុគ្រប់ប្រភេទ (consequential loss) ដោយរាប់បញ្ចូលទាំងការផាកពិន័យ ការខាតបង់ដោយសារតែការពន្យាពេល ការខ្វះចន្លោះនៃការអនុវត្តការងារ ការបាត់បង់កិច្ចសន្យា។
- ការបាត់បង់ ឬខូចខាតដោយសារកំហុសនៃការរចនា សម្ភារៈខូចទ្រង់ទ្រាយ ការងារទឹកដៃមិនល្អក្រៅពីកំហុសបច្ចេកទេសក្នុងការដំឡើង។
- ការសឹករេចរឹល ច្រែះស៊ី ប្រតិកម្មអុកស៊ីតកម្ម ការឡើងក្រៀមរឹង។
- ការបាត់បង់ ឬការខូចខាតឯកសារ គំនូរ គណនី វិក្កយបត្រ ត្រា បណ្ណកម្មសិទិ្ធ ភស្តុតាងបំណុល បណ្ណមូលបត្រ បណ្ណភាគហ៊ុន មូលប្បទានបត្រ សម្ភារៈសម្រាប់វេចខ្ចប់ ដូចជាកេស ប្រអប់ ឡាំង។
- ការបាត់បង់ដែលត្រូវបានរកឃើញនៅពេលកំពុងធ្វើបញ្ជីសារពើភ័ណ្ឌ។
- ការបាត់បង់ ឬការខូចខាតចំពោះអគារដែលនៅជុំវិញ តែលើកលែងបើសិនជាបានដាក់ធានាបន្ថែមក្នុងផ្នែកនេះ។
ករណីមិនធានា - ផ្នែកទី២ ~ ការទទួលខុសត្រូវចំពោះតតិយជន
- កម្រិតទឹកប្រាក់មិនធ្វើសំណងដែលមានចែងក្នុងកិច្ចសន្យាធានារ៉ាប់រង ដែលត្រូវទទួលខុសត្រូវដោយអ្នកត្រូវបានធានារ៉ាប់រង នៅពេលមានបញ្ហាណាមួយកើតឡើង
- ការចំណាយដែលអាចកើតមានក្នុងការធ្វើ ឬប៉ះប៉ូវ ឬជួសជុល ឬជំនួសអ្វីដែលបានដាក់ធានា ឬក៏អាចធានារ៉ាប់រងបាននៅក្នុងផ្នែកទី១នៃផលិតផលធានារ៉ាប់រងនេះ។
- ការទទួលខុសត្រូវចំពោះ៖
- របួសលើរាងកាយ ឬមរណភាព ឬជំងឺរបស់បុគ្គលិក ឬកម្មកររបស់អ្នកម៉ៅការសំណង់ ឬម្ចាស់គម្រោង ឬអង្គភាពណាមួយដែលជាប់ពាក់ព័ន្ធនឹងគម្រោង ដែលគម្រោងនោះ ឬផ្នែកណាមួយត្រូវបានធានារ៉ាប់រងដោយផ្នែកទី១ ឬសមាជិកគ្រួសាររបស់ពួកគេ
- ការបាត់បង់ ឬការខូចខាតទ្រព្យសម្បត្តិដែលជាកម្មសិទ្ធិ ឬស្ថិតក្រោមការថែរក្សារបស់អ្នកម៉ៅការ ឬជាកម្មសិទ្ធិរបស់ម្ចាស់គម្រោង ឬកម្មសិទ្ធិរបស់អង្គភាពណាមួយដែលជាប់ពាក់ព័ន្ធនឹងគម្រោង ដែលគម្រោងនោះ ឬផ្នែកណាមួយត្រូវបានធានារ៉ាប់រងដោយផ្នែកទី១ ឬបុគ្គលិក ឬកម្មកររបស់អ្នកណាម្នាក់ដែលបានរៀបរាប់ខាងលើ។
- គ្រោះថ្នាក់ណាមួយដែលបង្កឡើងដោយយានយន្ត ដែលមានអាជ្ញាបណ្ណសម្រាប់ប្រើប្រាស់លើផ្លូវទូទៅ ឬតាមកប៉ាល់ ឬយន្តហោះ។
- កិច្ចព្រមព្រៀងណាមួយដែលធ្វើឡើងដោយអ្នកត្រូវបានធានារ៉ាប់រង ក្នុងការសន្យាទទួលខុសត្រូវចំពោះការធ្វើសំណង លើកលែងតែការទទួលខុសត្រូវបែបនោះ គឺជាកាតព្វកិច្ចតម្រូវដោយច្បាប់ទោះបីជាមិនមានចែងនៅក្នុងកិច្ចសន្យាណាមួយក៏ដោយ។
ករណីមិនធានាទូទៅ (កិច្ចសន្យាទាំងមូល)
- សង្គ្រាម ការឈ្លានពាន ទង្វើរបស់សត្រូវបរទេស ចំណាប់ខ្មាំង (ទោះបីជាសង្គ្រាមនោះត្រូវបានប្រកាស ឬមិនប្រកាសក៏ដោយ) សង្គ្រាមស៊ីវិល ឧទ្ទាមកម្ម ការធ្វើបដិវត្តន៍ ការធ្វើចលាចល ការបះបោរ កុបកម្ម កូដកម្ម ការមិនអនុញ្ញាតិឱ្យនិយោជិត ឬកម្មករចូលកន្លែងធ្វើការ ទង្វើបំពុលសង្គម អំណាចយោធា ឬការដណ្តើមអំណាច ក្រុមមនុស្សព្យាបាទដែលធ្វើសកម្មភាពឱ្យអង្គភាពនយោបាយ ការរួមគំនិតធ្វើអំពើទុច្ចរិត ការរឹបអូសយកទ្រព្យសម្បត្តិ ការកេណ្ឌមនុស្ស ការបញ្ជាឱ្យរឹបអូស ការបំផ្លិចបំផ្លាញ និងការកំទេចចោលដោយមានការបញ្ជាពីរដ្ឋាភិបាល ឬអាជ្ញាធរសាធារណៈ។
- ប្រតិកម្មនុយក្លេអ៊ែរ ចំហាយដែលភាយចេញពីសារធាតុនុយក្លេអ៊ែរ ឬការចម្លងមេរោគដោយសារធាតុវិទ្យុសកម្ម។
- អំពើចេតនា ឬការធ្វេសប្រហែសដោយចេតនារបស់អ្នកដែលត្រូវបានធានារ៉ាប់រង ឬអ្នកតំណាងរបស់ខ្លួន។
- ការបញ្ឈប់សកម្មភាពការងារ មិនថាទាំងស្រុង ឬដោយផ្នែកណាមួយ។
កំណត់សម្គាល់៖ សូមបញ្ជាក់ថាបញ្ជីនេះមិនមានលក្ខណៈទូលំទូលាយទេ។ សូមផ្ទៀងផ្ទាត់ជាមួយកិច្ចសន្យាធានារ៉ាប់រង សម្រាប់ ខ និងលក្ខខណ្ឌទាំងស្រុងក្រោមបណ្ណសន្យារ៉ាប់រងនេះ។
តើលក្ខខណ្ឌមុនទទួលយកការធានារ៉ាប់រងនៃផលិតផលនេះមានអ្វីខ្លះ?
លោកអ្នកត្រូវផ្ដល់ជូនក្រុមហ៊ុនធានារ៉ាប់រងជាមុន នូវឯកសារ/ព័ត៌មានដូចខាងក្រោម ដើម្បីក្រុមហ៊ុនធ្វើការវាយតម្លៃ៖
- លិខិតបញ្ជាក់ពីការសាងសង់ (Letter of Award / Award of Contract)
- តារាងសង្ខេបពីបែបបទនៃគម្រោងការងារ (Scope of Works) រួមជាមួយនូវតម្លៃសម្ភារៈនីមួយៗដែលបានដាក់ធានា
- ផែនទីទីតាំងដែលមានព័ត៌មានលម្អិតទាក់ទងនឹងទ្រព្យសម្បត្តិជុំវិញរបស់តតិយជន
- ប្លង់គ្រោងនៃគម្រោងដែលបានដាក់ធានា
- ផែនការប្លង់ទូទៅ និងកម្ពស់ទិដ្ឋភាពនៃអគារ និងរចនាសម្ព័ន្ធសំខាន់ៗដ៏ទៃទៀតដែលត្រូវបានសាងសង់
- គំនូសតាងរបារកម្មវិធីការសាងសង់ (Bar Chart)
- វិធីសាស្រ្តនៃការងារសាងសង់
- ប្រវត្តិរូបក្រុមហ៊ុនរបស់លោកអ្នក
- គ្មានពាក្យបណ្តឹងទាមទារសំណង ឬការបាត់បង់ រយៈពេល ៣ ឆ្នាំ
- ក្រុមហ៊ុនធានារ៉ាប់រងមិនដែលបានបដិសេធ លុបចោល ឬបដិសេធពីការធានារ៉ាប់រងរបស់លោកអ្នកពីមុនឡើយ
តើខ្ញុំអាចលុបចោលបណ្ណសន្យារ៉ាប់រងរបស់ខ្ញុំបានដែរឬទេ?
ផលិតផលធានារ៉ាប់រងនេះគឺជាកិច្ចសន្យាដែលមិនតម្រូវឱ្យមានការលុបចោលវិញនោះទេ លើកលែងមូលហេតុខាងក្រោម ដែលការលុបចោលកិច្ចសន្យានេះដោយមានការព្រមព្រៀងទាំងភាគីអ្នកដែលត្រូវបានធានា និងក្រុមហ៊ុនធានារ៉ាប់រង៖
- មានការផ្លាស់ប្តូរ ឬកែប្រែហានិភ័យផ្ទុយពីលក្ខខណ្ឌដែលបានធានា និង
- បោះបង់ចោលគម្រោងសាងសង់ ពោលគឺការដកហូតកម្មសិទ្ធិនៃម្ចាស់ការ ឬអ្នកម៉ៅការដ៏សំខាន់ណាមួយពីកិច្ចសន្យាការងារ សម្រាប់ហេតុផលនយោបាយ ហិរញ្ញវត្ថុ បច្ចេកទេស ឬហេតុផលផ្សេងទៀត។